គ្រូបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ ផ្ញើសារដល់ម្ចាស់អាជីវកម្មកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ រើសអើង ឬស្អប់ខ្ពើមពលករខ្មែរ

ជនជាតិកូរ៉េមួយរូបដែលបើកសាលាបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ បានស្នើសុំម្ចាស់អាជីវកម្មកូរ៉េ និងជនជាតិកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ ហើយឈានដល់ការរើសអើង ឬស្អប់ខ្ពើមពលករខ្មែរ ដោយសារតែការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាពេលថ្មីៗនេះ។

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែតុលានេះ ម្ចាស់គណនី InHue Jung បានសរសេររៀបរាប់ទាំងភាសាកូរ៉េ និងភាសាខ្មែរ ដែលមានខ្លឹមសារថា៖ «ជូនចំពោះម្ចាស់អាជីវកម្មនៅប្រទេសកូរ៉េ ខ្ញុំគឺ លោកគ្រូ ករុណា នាយកសាលា KLC ដែលជាសាលាភាសាកូរ៉េនៅភ្នំពេញ ប្រទេសកម្ពុជា។ ខ្ញុំបានបង្រៀនភាសាកូរ៉េជិត 20 ឆ្នាំមកហើយ។ការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាពេលថ្មីៗនេះ កំពុងតែធ្វើឱ្យមានការយល់ច្រឡំ។ សិស្សានុសិស្ស និងយុវជនកម្ពុជា ដែលយើងខ្ញុំបានបង្រៀន និងសង្កេតដោយផ្ទាល់ គឺមានចិត្តស្មោះត្រង់ និងចិត្តល្អ។ ពលករខ្មែរជាច្រើនខំធ្វើការ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្គត់ផ្គង់គ្រួសារ ស្រឡាញ់មាតុភូមិ និងខិតខំរួមចំណែកដល់សង្គម»។

លោកបានបន្តថា «ហេតុការណ៍​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​ពលករ​ខ្មែរ​ទេ​។ ខ្ញុំស្នើសុំម្ចាស់អាជីវកម្ម ក៏ដូចជាជនជាតិកូរ៉េទាំងអស់ សូមកុំមានការរើសអើង និងស្អប់ខ្ពើមដោយសារតែ ពួកគេជាពលករខ្មែរ។ ខ្ញុំស្នើសុំឲ្យមានការលើកទឹកចិត្ត និងទំនុកចិត្តដ៏កក់ក្តៅរបស់អ្នកចំពោះពលករខ្មែរ ដែលខិតខំជារៀងរាល់ថ្ងៃ ដើម្បីជីវភាព និងក្រុមគ្រួសារ»។

ជាមួយគ្នានេះ លោកក៏សង្ឃឹមថាហេតុកាតណ៍លើកនេះនឹងមិនប៉ះពាល់ដល់ទំនុកចិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរ ហើយពលករខ្មែរ ស្ត្រីចំណាកស្រុក និងប្រជាជនកូរ៉េអាចបន្តជីវិតប្រកបដោយសន្តិភាព និងសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រោយហេតុការណ៍ស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចាត់ការសំណុំរឿងឧក្រិដ្ឋកម្មអនឡាញលើពលរដ្ឋខ្លួន។ នៅថ្ងៃទី១៥តុលានេះ ស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងបាងកកបានច្រានចោលយ៉ាងដាច់អហង្ការនូវការចុះផ្សាយរបស់កាសែតថៃដែលថា កូរ៉េខាងត្បូងអាចចាត់វិធានការយោធាប្រឆាំងឧក្រិដ្ឋជនអនឡាញ និងអាចដាក់ពង្រាយកងកម្លាំងខ្លួននៅក្នុងតំបន់ថែមទៀត។

តាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតកូរ៉េខាងត្បូងនៅបាងកក អាជ្ញាធរកូរ៉េខាងត្បូងគ្មានយន្តការដាក់ពង្រាយកម្លាំងយោធារបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញដូចការចុះផ្សាយរបស់កាសែតថៃនោះទេ ពោលគឺរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រឹងប្រែងដោះស្រាយបញ្ហានេះ តាមរយៈយន្តការទូត ដែលស្របតាមច្បាប់៕