កម្ពុជាមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅច្រកសមុទ្រ នៅក្នុងខេត្តកែប សំដៅធ្វើឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះបើតាមការបញ្ជាក់របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្តថា ផ្លូវទឹកដឹកជញ្ជូនថ្មីនេះ គ្រោងចំណាយទុនវិនិយោគសរុបចំនួនប្រមាណ១០០លានដុល្លារអាមេរិក ដោយសាង់សង់ផ្លូវទឹកតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ខេត្តកែប ដែលជាច្រកសមុទ្រ ។
ទន្ទឹមគ្នានេះ លោកអ្នកឧកញ៉ាបណ្ឌិត បានបន្ថែមថា ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍទីក្រុងរណបអាកាសយានដ្ឋាន រួមមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។ ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងការលើកកម្ពស់ការផលិត និងការនាំចេញទំនិញតាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូ ម៉ែត្រពីចំណុចកណ្តាលរាជធានីភ្នំពេញ ផ្អែកតាមកម្មវិធីការងារ ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដា អន្តរជាតិ ដែលអាចបម្រើការហោះ ហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះ ហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព៕

