មន្ត្រីជំនាញ ចុះពិនិត្យទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ក្នុងស្រុកកោះធំ ខេត្តកណ្តាល

ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ នេះ ​​បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ព្រមទាំងមាន​ការចូលរួ​មពី​មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ បានបញ្ជាក់ឲថា ទីតាំងដែលបានបាក់ស្រុតនេះស្ថិតនៅវត្តជ្រោយជាប់មាត់ស្ទឹងលើកដែក នៅពេលដែលទឹកពីទន្លេមេគង្គ និងទន្លេបាសាក់ហូរចូលតាម​ព្រែកលើកដែកមកប្រសព្វ​ត្រង់ចំណុចមុ​ខវត្តជ្រោយ​នេះធ្វើឱ្យចរន្តទឹកកួចវិល បណ្តាលឱ្យដីច្រាំងសឹករិចរិល ស្របពេលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងដែលបានបាក់ស្រុត ដែលជាផ្នែកមួយធ្វើឱ្យមានជម្រាបទឹកក្រោមដី បណ្តាលឱ្យមានការបាក់ស្រុតតែម្តង។

គួរបញ្ជាក់ថា ហេតុការណ៍បាក់ស្រុតច្រាំងនេះបានបណ្តាល ច្រាំងស្ទឹងលើកដែកបាក់ស្រុតប្រវែង ៤០ម៉ែត្រ និងបាក់ចូលជម្រៅប្រហែល ២០ម៉ែត្រ ព្រមទាំងបង្កការខូចខាតកុដិចំនួន ១ខ្នង ខ្យូសប្រក់ក្បឿងចំនួន ១ខ្នង និងខ្ទមអ្នកតាចំនួន១ ផងដែរ៕