ឆ្នាំ២០២៦ រដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋជាង ១០ពាន់លានដុល្លារកើនឡើងជិត៨ភាគរយ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាក្នុងឆ្នាំ២០២៦ ចំនួន ៤០ ៩១៣ ប៊ីលានរៀល ឬប្រមាណជាង ១០ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ៧,៦% បើធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះសេដ្ឋកិច្ចកម្ពុជា រំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២ភាគរយ សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០ភាគរយសម្រាប់ឆ្នាំ២០២៦។

យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តីក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោង ចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥ភាគរយនៃ ផ.ស.ស.ឬកើនចំនួន ៧,៨ភាគរយ ធៀបនឹង ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥។

តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២ភាគរយ សម្រាប់ ឆ្នាំ២០២៥ និងប្រមាណ ៥,០ភាគរយសម្រាប់ឆ្នាំ២០២៦ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបាន រំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ២ ៨៥៨ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយ វិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សា ហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយ អនុវិស័យនេសាទ និងការចិញ្ចឹម សត្វ។ អត្រា អតិផរណាជាមធ្យម ប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨ភាគរយ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្ដែងនានាដែលត្រូវបន្ត អនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រ ការបន្ត អនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦វិធានការគន្លឹះទាំង៥ និងអាទិភាព គន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជា ក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេសទាំងក្នុងក្របខ័ណ្ឌ តំបន់ និងពិភពលោក៕