យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើនជំនឿទុកចិត្តគ្នា

នាវេលាម៉ោង ១០ព្រឹកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នាទៅវិញទៅមក ក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំងក្នុងមុខតំណែងថ្មីនេះ។

លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ ក៏បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។

តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕