សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥។
ឯកឧត្ដម ឡាស្លូ កូវឺរ បានវាយតម្តៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅក្នុងឱកាសនេះ។ សម្តេចរដ្ឋសភាធិបតី ជាប្រធានរដ្ឋសភាកម្ពុជាដំបូងគេ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅហុងគ្រី ខណៈកាលពីឆ្នាំ២០១៥ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។ នៅដើមឆ្នាំ២០២៥ កន្លងមកនេះ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ផងដែរ។
ចំណែកខាងស្ថាប័ននីតិប្រតិបត្តិវិញ កាលពីឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចចំនួនពីរលើក នៅប្រទេសហុងគ្រី ។ ក្នុងឆ្នាំ២០១៩ ដដែលនោះ ឯកឧត្តម ចាណូស អាឌឺ (Janos Ader) អតីតប្រធានាធិបតីហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ថែមពីនេះ ប្រទេសហុងគ្រី កំពុងត្រៀមរៀបចំថ្វាយបដិសណ្ឋារកិច្ច ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាដើមឆ្នាំ២០២៦ខាង មុខនេះដែរ។

ឯកឧត្ដម ឡាស្លូ កូវឺរ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំរបស់ប្រទេសទំាងពីរ ទំាងស្ថាប័នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់នេះ បានបង្ហាញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ។ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ហុងគ្រី កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត។ ហុងគ្រីនឹងជំរុញការបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ក្នុងពេលឆាប់ៗនេះ និងដំឡើងចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាពី១៥នាក់ទៅ៣០នាក់ក្នុងមួយឆ្នាំ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនឯកឧត្តម ប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូរដ្ឋភាកម្ពុជា យ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចបានលើកឡើងថាកម្ពុជា និងហុងគ្រី ជាមិត្តដ៏ល្អស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ហុងគ្រីជាមិត្តដ៏ល្អរបស់កម្ពុជាឆ្លងទ្វីប។ ចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមតែផ្តល់តម្លៃសម្រាប់ពលរដ្ឋទំាងពីរប្រទេសប៉ុណ្ណោះទេ តែជាច្រកនៃទំនាក់ទំនងអាស៊ី និងអ៉រ៉ុប ថែមទៀតផង៕




