សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន និងហាមឃាត់ការទទួលទាន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។ ការណែនាំនេះ បានធ្វើឡើងតាមរយៈសារលិខិត
អបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥ នៅថ្ងៃទី០៣ ខែវិច្ឆិកា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការ ផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានទៅ ដល់កន្លែងបរិភោគ ត្រូវសហការ និងផ្តល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ ម្ហូបអាហារ ដោយធានាថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាព ចំណីអាហារតាមដងផ្លូវ ព្រមទាំងគោលការណ៍ណែនាំផ្សេងៗទៀត ត្រូវបានអនុវត្តតាម និងផ្សព្វផ្សាយជា សាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយ អប់រំនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយ អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើន សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ចំពោះទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយក ប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ។ ប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលប្រជាជនគ្រប់រូបប្រាថ្នាចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព។

