ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្តើមធ្វើជំរឿនមន្ត្រីនៅទូទាំងប្រទេស ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយយុទ្ធនាការជំរឿនមន្ត្រីនេះ នឹងចាប់ផ្តើមពីក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១,១២,១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបានគិតគូរទៅលើបច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមឱ្យដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈប្រព្រឹត្តទៅបានរលូន និងទាន់ពេលវេលា។
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រីនាពេលនេះ ក្រុមការងារមន្ត្រីជំរឿន នឺងចុះទៅតាមអង្គភាពគោលដៅនីមួយៗដោយផ្ទាល់តែម្តង។ ការចុះទៅដោយផ្ទាល់នេះ គឺជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅ នៃការធ្វើជំរឿននោះដែរ។
ជាមួយគ្នានេះ ក្រសួងបានជូនដំណឹងដល់គ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលបម្រើការងារជាក់ស្តែង នៅតាមអង្គភាពចំណុះទីស្តីការក្រសួងមុខងារសាធារណៈ ត្រូវចូលរួមសហការអនុវត្ត និងត្រូវមកបង្ហាញខ្លួន ក្នុងពេលចុះជំរឿន តាមទីតាំង នៃអង្គភាពសាមីខ្លួនបម្រើការងារជាក់ស្តែង និងតាមកាលបរិច្ឆេទដែលបានកំណត់ ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម) ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណមន្ត្រីរាជការ (ចេញដោយក្រសួងដែលមានបិទរូបថត)៕






