អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលដំណោះស្រាយ ប្រកបដោយស្នាមញញឹម!

បន្ទាប់ពីដាក់ចេញយន្តការដោះស្រាយជាកញ្ចប់ពេលនេះអតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលយកដំណោះស្រាយពីបុរីប្រកបដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។ 

នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនបានបន្តមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។

តាមរយៈបណ្តាញសង្គមដដែល បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់រហូតបញ្ចប់គម្រោងទាំងស្រុង៕