សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី  

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ បានចុះទៅសាកសួរសុខទុក្ខដល់បងប្អូនប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ចំនួន៣រូបដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់កាលពីថ្ងៃរសៀលថ្ងៃ១២ខែវិច្ឆិកាឆ្នាំ២០២៥ក្រោយពីបានយកមកពិនិត្យនិងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញបន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យរួចមក។

សម្តេចធិបតីបានថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅទីនោះជាពិសេសអ្នករបួសដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យសង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះសម្តេចក៏ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូបប្រកបដោយជោគជ័យនិងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយនិងរឹងមាំឡើងវិញ។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីព្រោះថាការដោះស្រាយដោយអំពើហឹង្សាឬប្រើប្រាស់កម្លាំងប្រដាប់អាវុធគឺមិនផ្តល់ផលប្រយោជន៍ណាមួយឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហាព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕