នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលជាប្រពៃណីដ៏ល្អ ផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ព ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា-វៀតណាម ដោយកន្លងមក រដ្ឋាភិបាល និងកងទ័ពទាំងពីរ តែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យ ផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។
ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ គួរកត់សម្គាល់ផងដែរថា គឺចាប់តាំងពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំ របសភាគីមិត្តវៀតណាមជាច្រើនលើកកន្លងមក ដែលជំនួបទាំងនេះ ជាការឆ្លុះបញ្ចាំង អំពីទំនាក់ទំនង មិត្តភាពល្អជិតស្និទ្ធដ៏យូរលង់ រវាងប្រទេស កម្ពុជា-វៀតណាម។ ជាពិសេសមិត្តវៀតណាមក៏នៅតែប្រកាន់ជំហរ មិនប្រែប្រួល ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបន្តគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ ស្របតាមដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា សម្រាប់ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក៏សង្កេតឃើញមានការកើនឡើង ជាបន្តបន្ទាប់ នូវសកម្មភាពកិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ការ ហ្វឹកហ្វឺន បណ្តុះបណ្តាលយោធិន ដើម្បីបង្កើនសមត្ថភាព ជាពិសេសមានការរៀបចំលំហាត់ សមយុទ្ធរួមគ្នា ដែលនឹងផ្តោតសំខាន់លើការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ-វៀតណាម សកម្មភាព ទាំងនេះ បានពង្រឹងនូវទំនាក់ទំនង និងបង្កើនជំនឿទុកចិត្តក្នុងវិស័យការពារជាតិ និងសន្តិសុខ ដើម្បីឈានទៅ ដល់ការ កសាងកិច្ចសហប្រតិបត្តិការយោធារួមគ្នា ដើម្បីចូលរួមជំរុញលើកកម្ពស់ចក្ខុវិស័យសន្តិសុខរួមសហ ប្រតិបត្តិការ និងសន្តិសុខ ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រួមគ្នាផងដែរ។
សូមបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានធ្វលឡើងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលផ្តួចផ្ដើមសាងសង់ឡើងដោយ នាយឧត្តមសេនីយ៍ សៅ សុខា ក្រោយពីបញ្ចប់ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបប្រាស្រ័យមិត្តភាព ការពារព្រំដែនថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាល រួមគ្នារវាងកងទ័ពទាំងពីរ រួចមក នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥៕






