CPP បើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម

គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៅវិមាន៧មករា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីបើកវគ្គបណ្តុះបណ្តាលធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដោយអមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិកផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ចំនួន ៣០០នាក់។

គួរឲ្យដឹងថា ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងការអនុវត្តឱ្យបានសម្រេចនូវផែនការសកម្មភាពឆ្នាំ២០២៥ ក៏ដូចជាសេចក្តីណែនាំ ស្តីពីការងារអាទិភាពចំពោះមុខ សម្រាប់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា គ្រប់ថ្នាក់ និងគ្រប់ផ្នែក ដើម្បីអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

កម្មវិធីបណ្តុះបណ្តាល ស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់សិក្ខាកាមទៅលើព្រឹត្តិការណ៍ ការវាយតម្លៃព្រឹត្តិការណ៍ ការយល់ដឹងអំពីប្រភពព័ត៌មាននានា ជាពិសេសរបៀបរបបនៃការប្រើប្រាស់បណ្ដាញសង្គមឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើប្រយោជន៍រួមជូនដល់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស។ ពង្រឹងសមត្ថភាពរបស់សិក្ខាកាមក្នុងការប្រមូល តាមដាន ឆ្លើយតប និងក្ដាប់ស្ថានការណ៍ព័ត៌មាន ដែលមានចរិតវាយប្រហារមកលើគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស ប្រកបដោយវិជ្ជាជីវៈ។ បំពេញនូវតម្រូវការ និងលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។

 ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ជំរុញឱ្យសិក្ខាកាមទាំងអស់ត្រងត្រាប់ស្តាបការពន្យល់របស់លោកគ្រូឧទ្ទេស ដើម្បីបំពេញចំណេះដឹងបន្ថែមអំពីព្រឹត្តិការណ៍ ប្រភពព័ត៌មាន អាចវិភាគ បែងចែក និងវាយតម្លៃប្រភពព័ត៌មាន ជាពិសេសអាចប្រមូលផ្ដុំកម្លាំង វាយបក ឆ្លើយតប ទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ។ យល់ដឹងអំពីការប្រើប្រាស់កម្មវិធី Facebook និងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។យល់ដឹងអំពីហានិភ័យលើបណ្តាញអ៊ីនធឺណែត និងកម្មវិធីទំនាក់ទំនងសង្គម (Social Media)។យល់ដឹងអំពីសុវត្ថិភាពក្នុងអំឡុងពេលបង្កើតគណនី និងពេលប្រើប្រាស់កម្មវិធី Facebook។ យល់ដឹងអំពីមុខងារ​(Tools)នីមួយៗ នៃកម្មវិធី Facebook បានច្បាស់លាស់ជាងមុន៕