ឯកឧត្តម គន់ គីម លើកទឹកចិត្តដល់អាជ្ញាធរនិងអង្គភាពពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមនានាជូនអតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក. បានលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។ ការជំរុញរបស់ឯកឧត្តម បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា អតីតយុទ្ធជន និងនិវត្តជន ពិតជាបានលះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយ ទើបសម្ដេចតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យជួយមើលថែចិញ្ចឹមពួកគាត់។ ក្នុងន័យនេះ ប៉ុស្តិ៍និងសង្កាត់ត្រូវយកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជន​កម្ពុជា ដើ​ម្បីទទួលបាននូវព័ត៌មានពិតច្បាស់លាស់នៅពេលមានបញ្ហាអ្វីមួយអាចទាក់ទងជួយពួកគាត់បានភ្លាមៗទាន់ពេលវេលា។

ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ 

ទន្ទឹមគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ ដែលទើបទទួលបានការតែងតាំងថ្មី បានថ្លែងអរគុណចំពោះសម្ដេចតេជោហ៊ុន សែនដែលបានផ្ដល់ទំនុកចិត្តតែងតាំងឯកឧត្តម បានធ្វើជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោហ៊ុន សែន ឯកឧត្តម ឃួង ស្រេង ប្តេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើនបន្ថែមទៀត។ ប្ដេជ្ញាចិត្តគោរពនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម ,យកចិត្តទុក ដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់ គ្រួសារសមាជិកដែលបានទទួល មរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។