នគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធ ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការដោយមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវ និងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្តារាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឃាត់នៅចំណុចសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ

*ទី២៖ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ

*ទី៣៖ឈ្មោះ ចាប មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ត្រង់ចំណុច ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតអាវុធខ្លីចំនួន៣ដើម ម៉ាក K54, ម៉ាក CF98 និងម៉ាក Glock19។ បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕