ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥ នេះការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់។ នេះបើតាមការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសារលិខិតក្នុងឱកាស« ទិវាជាតិអាកាសចរណ៍ស៊ីវិល »លើកទី១។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៦ប្រទេស និង ៣៩ទីក្រុង ដោយក្នុងនោះបានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន ។
ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក ។
ក្នុងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ ,អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់វិនិយោគ ២០០ លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០ លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕


