រកឃើញការពិត នៅពីក្រោយករណីត្រីពុលងាប់ជាច្រើនក្បាល ក្នុងទឹកអូរឬស្សី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

នៅលើបណ្តាញសង្គមនាថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន ប្រកាសថា ក្រសួងបានសម្រេចបិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ការសម្រេចបិទអាជីវកម្ម ក្រុមហ៊ុនខាងលើនេះបន្ទាប់ពីក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុន បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី ក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រុមហ៊ុន ត្រូវបានរកឃើញការគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតាមិនមានបំពាក់ប្រព័ន្ធសំអាតត្រឹមត្រូវទេ ដោយគ្រប់សំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់គរសំណល់រឹង និងសារធាតុគ្រោះថ្នាក់ ត្រឹមត្រូវនៅឡើយទេ។ ក្រុមហ៊ុនពុំបានអនុវត្តធ្វើរបាយការណ៍បាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន។

សូមបញ្ជាក់ថា យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រ Cyanide នៅចំនួន៥ទីតាំង មានកំហាប់ប្រែប្រួល ទាប់ ខ្ពស់ ។ សារធាតុ Cyanide នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្ម សម្រាប់ចម្រាញ់រ៉ែមាស។ ចំពោះប៉ារ៉ាមែត្រ CODCr ជាប៉ារ៉ាមែត្របញ្ជាក់ពីសាធាតុគីមីចេញពីរោងចក្រ ដែលជាធម្មតាមិនអាចរកឃើញនៅក្នុងទឹកធម្មជាតិ គឺត្រូវបានរកឃើញគ្រប់ទីតាំងយកសំណាកទាំងអស់ ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ។

ក្រសួងបរិស្ថាន បានចាត់វិធានការបន្ទាន់ដោយស្នើដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក នេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។

ជាមួយគ្នានេះក្រសួងបរិស្ថាន សម្រេចបិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD.។ ជាមួយគ្នានេះ ក្រសួងងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដល់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះករណីប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។

ទន្ទឹមនឹងនេះដែរក្រសួងកំពុងចាត់វិធានការបច្ចេកទេសទប់ស្កាត់ការបំពុលតំបន់ទឹកអូរឬស្សីដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត កំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍ប្រជាពលរដ្ឋបន្ថែមទៀត៕