តំណាងរាស្ត្រ ផ្តល់សារកក់ក្តៅដល់ពលរដ្ឋភៀសសឹក សូម​កុំ​មាន​ការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្តោះអាសន្ន

ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការ​អន្តរ​ជាតិ និង​ព័ត៌មាន (គណៈ​កម្មការ​ទី៥) នៃ​រដ្ឋសភា និងលោ​កជំទាវ នៅរសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាន​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ ព្រម​ទាំង​ចែកជូន​នូវ​សម្ភារៈ​ប្រើ​ប្រាស់ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ប្រចាំ​ថ្ងៃ ជូន​ដល់​ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ មក​កាន់​ភូមិ​សាស្រ​្តចំនួន ៣ទីតាំងខុសៗគ្នា ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ ចំនួន ៣១៦គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រម​ទាំង​ថា្នក់​ដឹក​នាំ​គណ​បក្ស​ប្រជាជនកម្ពុជាទាំងអស់ ដែលលោកតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋ​ទាំ​ង​អស់​គ្នា។ 

ឯកឧត្តម សួស យ៉ារ៉ា បានដាស់តឿនឱ្យបងប្អូនភៀសសឹកទាំងអស់ សូមយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​សុខ​ភាពផ្ទាល់ខ្លួន បន្ថែមពីលើអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះបងប្អូនហើយនោះ ហើយថា សូម​កុំ​មាន​ការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្តោះអាសន្ននេះ និង​សូម​បន្ត​ជឿ​ជាក់​លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ជឿ​ជាក់​លើ​វីរៈ​កងទ័ពដ៏អង់អាចក្លាហានរបស់យើង។

តាមរយៈការបន្តឈ្លានពានរបស់យោធាថៃ បានបណ្តាលឱ្យជនភៀសសឹកក្នុងខេត្តចំនួន៧របស់កម្ពុជា​ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប កើនឡើងបន្ថែមទៀតដល់ ១១៧,១២០គ្រួសារ ស្មើនឹង ៣៩៤,៧០៦នាក់ ក្នុងនោះជិត៨០ភាគរយជាស្ត្រី និងកុមារ ។ តួរលេខនេះ គិតត្រឹមម៉ោង១សៀល ថ្ងៃទី១៤ ខែធ្នូ។

ដោយឡែក គិតមកដល់ថ្ងៃទី១៥ ខែធ្នូនេះ ចំនួន​ជន​ស៊ីវិល​ស្លាប់ ​កើន​ដល់ ១២​នាក់​ របួស ៧៤នាក់ និងភៀស​សឹក​កើន​ដល់ជាង ៤០ ម៉ឺននាក់ ​ពី​ការ​វាយ​ប្រហារ​ឈ្លានពានរបស់យោធាថៃ។ នេះបើតាមក្រសួងការពារជាតិ។

ការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា តាមរយៈការវាយប្រហារដោយអាវុធគ្រប់ធុន ទាំងជើងគោក ជើងទឹក និងជើងអាកាស រយៈពេល៨ថ្ងៃកន្លងមកនេះ បានបណ្តាលឱ្យខូចខាតផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ពលរដ្ឋ អគារក្រុមហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ ស្ពាន និងអង្គភាព សាធារណៈជាច្រើនកន្លែង។ ក្រៅពីនោះ សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបង្ខំចិត្តផ្អាកស្ទើរទាំងស្រុង៕