ICRC៖ ទាហានកម្ពុជាទាំង១៨រូប មានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

នៅថ្ងៃទី១៦ ខែធ្នូនេះជា ថ្ងៃទី១៤០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានចុះជួបសួរសុខទុក្ខជាលើកទី៤បានបញ្ជាក់ថាទាហានកម្ពុជាទាំង១៨រូបមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។

ក្រសួងការពារជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៥នៅទីស្តីការក្រសួងការពារជាតិដោយបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ទៀសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នរដ្ឋលេខាធិការក្រសួងការពារជាតិបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ។

នៅក្នុងជំនួបនោះលោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៤នាយទាហានទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥។ចំពោះការចុះសួរសុខទុក្ខលើកទី៤ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថាទាហានយើងទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះគឺមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។លោកក៏បានបញ្ជាក់បន្ថែមថាលោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូបសម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នបានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យនិងតាមដានសុខុមាលភាពសុវត្ថិភាពនិងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូបដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ 

ឯកឧត្តមឧត្ដមសេនីយ៍ឯកក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិនៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទបានគោរពយ៉ាងម៉ឺងមាត់ស្មោះត្រង់និងដោយសុឆ្ឆន្ទះពិតប្រាកដនូវបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃ។

ក្រសួងការពារជាតិបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះវិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាព។ 

រាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទមិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ៕