សំឡេងពីអន្តរជាតិ៖ កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារតែប៉ុណ្ណោះ

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា សកលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានធ្វើឱ្យសណ្តាប់ធ្នាប់សកលធ្លាក់ចុះ។ ក្នុងពេលនេះ ការពង្រឹងការទូត ទោះទ្វេរភាគីក្តី ពហុភាគីក្តី ដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់ប្រព័ន្ធពហុភាគីនិយមឱ្យល្អប្រសើរឡើងវិញ។ ប្រេស៊ីលជាច្រកសំខាន់នៅក្នុងការភ្ជាប់ទំនាក់ទំនងទ្វីបអាស៊ី និងអាមេរិកឡាទីន។ កម្ពុជាគំាទ្រចំពោះការចូលរួមរបស់ប្រេស៊ីលជាដៃគូរបស់អាស៊ាន។ 

ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ  សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសប្រេស៊ីល ដែលបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភនិងជំរុញប្រទេសទំាងពីរ កម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច គ្មានមហិច្ឆិតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រស់ជាតិលំបាកពីសង្រ្គាមដូច្នេះសន្តិភាពសម្រាប់កម្ពុជាសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឈន៍ខ្លួន ដូច្នេះគ្មានបំណងទៅបង្ករសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធន់ធ្ងន់ មានទាំងយន្តហោះ F-16  គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែនក្នុងរង្វង់ពី ៨០គីឡូម៉ែត្រ ទៅ ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ បានបង្ខំចិត្តភៀសសឹកចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ៕