ប្រើពេល ៦ឆ្នាំ ទើបប្រាសាទជមដែលទ្រុឌទ្រោមបាក់បែកខ្លាំង បានងើបឈររឹងមាំឡើងវិញ!

ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បានប្រើរយៈពេលអស់ ៦ឆ្នាំ ទើបបញ្ចប់គម្រោងជួសជុលប្រាសាទជម។ ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។

លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជម​បានងើបឈររឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលដោយយកចិត្តទុកដាក់។ លោកបន្តថា គម្រោងនេះបានរើថ្មប្រាសាទទាំងស្រុង និងរៀបដំឡើងឡើងវិញ ហើយការរៀបឡើងវិញនេះ គេបានបន្ថែមថ្មដែលបានរកឃើញនៅជុំវិញប្រាសាទសរុបចំនួន ១១៣ដុំ ដាក់នៅទីតាំងដើមវិញ។

អ្នកជំនាញការកូរ៉េ ក៏បានបង្ហាញពីអារម្មណ៍រីករាយ ក្រោយប្រាសាទជមមានរូបរាងពេញលេញ និងរឹងមាំឡើងវិញ ដែលធៀបមុនជួសជុល ប្រាសាទនេះទ្រុឌទ្រោមបាក់បែកខ្លាំងគួរឱ្យកត់សម្គាល់។ លោក Eo Jinkyu រំពឹងថា ភ្ញៀវទេសចរ រួមនឹងសាធារណជន នឹងបានចូលទស្សនាប្រាសាទនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបើកឱ្យចូលទស្សនាឡើងវិញ។ 

សូមបញ្ជាក់ថា មុនការជួសជុល ប្រាសាទជមមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារ​អាយុកាលនៃសំណង់ កត្តាធម្មជាតិ និងមានឫសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទ រហូត​ដល់គ្រឹះខាងក្រោម ការនេះធ្វើឱ្យដីគ្រឹះចុះខ្សោយ និងស្រុតចុះ។ ដើម្បីជួសជុលប្រាសាទនេះ ក្រុមការងារបានរើថ្មប្រាសាទនេះទាំងអស់ រួចរៀបផ្គុំឡើងវិញ និងបានស្វែងរកថ្មដែលបានបាត់ មកដាក់នៅទីតាំងដើមវិញ ដូចជាផ្តែរ សសរពេជ្រ និងស៊ុមទ្វារផ្នែកខាងក្រៅជាដើម៕