កម្ពុជាបេះដូងតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀង និងសម្ភារៈចាំបាច់មួយចំនួននាំយកផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក។

លើបណ្តាញសង្គមរបស់យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងកាលៈទេសៈនេះស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង

បន្ទាប់ពីយោធាថៃឈ្លានពានជាថ្មី មកលើបូរណភាពទឹកដីកម្ពុជា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃប៉ូវ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ព កំពុងឈរជើងការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ។

ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។ នៅក្នុងកាលៈទេសៈនេះ ស្មារតីសាមគ្គីភាពកាន់តែរឹងមាំ ការចូលរួមរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕