ជួយជាតិតាមចំណេះជំនាញ! វិស្វករ និងស្ថាបត្យករខ្មែរមួយក្រុម រួមគ្នាសង់រោងបណ្តោះអាសន្នដល់ជនភៀសសឹក ទទួលបានការកោតសរសើរ

តាមរយៈការគាំទ្រនិងឧបត្ថមសប្បុរសជន សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន បានរៀបចំរោងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក។ រោងបណ្តោះអាសន្នចំនួន ៨០ ត្រូវបានតម្លើងរួចរាល់សម្រាប់ជនភៀសខ្លួននៅខេត្តបន្ទាយមានជ័យ ។ 

សមាគមនឹងបន្តធ្វើការងារនេះបន្ថែមទៀត ដើម្បីជួយដល់ជនភៀសសឹកឱ្យបានទាន់ពេលវេលា។ តាមគម្រោងតង់ស្នាក់នៅបណ្តោះអាសន្ននេះ នឹងបន្តតម្លើងនៅខេត្តព្រះវិហារចំនួន ១០០បន្ថែមទៀត។

គួរកត់បញ្ជាក់ថា ក្រៅពីជម្រកស្នាក់នៅ និងស្បៀងអាហារ អាជ្ញាធររដ្ឋបាលខេត្តដែលមានជនភៀសសឹក រួមទាំងអង្គការដៃគូ និងសប្បុរសជននានា បាននិងកំពុងឆ្លើយតបតម្រូវការបន្ទាន់ រួមមាន បង្គន់អនាម័យ អាហារ ទឹកស្អាត គ្រឿងអនាម័យ កិច្ចការពារកុមារ និងសម្ភារសង្គ្រោះជាបន្ទាន់ផ្សេងៗទៀត នៅតាមជំរំសុវត្ថិភាព។

ក្នុងខណៈពេលនេះ កម្ពុជាកំពុងត្រូវការជំនួយមនុស្សធម៌បន្ទាន់ ខណៈដែលជនភៀសសឹកនៅតាមជំរុំសុវត្ថិភាពមានការកើនឡើងដល់៤៧ម៉ឺននាក់ក្នុងនោះស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។ ជំរុំសម្រាប់គ្រួសារជនភៀសខ្លួន ត្រូវបានពង្រីកទីតាំងទៅខេត្តកណ្ដាលកំពតកំពង់ស្ពឺនិងកំពង់ចាមបន្ថែមទៀត។ ចំណែកចំនួនជនស៊ីវិលស្លាប់កើនដល់១៨នាក់និងអ្នករងរបួស៧៨នាក់ដោយសារទាហានថៃបាញ់ប្រហារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៧ខែធ្នូ៕