រដ្ឋមន្រ្តីការពារជាតិថៃ៖ គ្មានប្រទេសណាមួយគាំទ្រថៃទេ ប៉ុន្តែពួកគេកំពុងគាំទ្រខាងកម្ពុជា

ឧត្តមសេនីយ៍ ណាត់ថាផុន ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូនេះមុនចូលប្រជុំគណៈរដ្ឋមន្ត្រីថៃដោយលោកមើលឃើញថា មកដល់ពេលនេះ គ្មានប្រទេសណាមួយឈរជាមួយថៃពិតប្រាកដនោះទេ។ គ្រប់គ្នានិយាយដូចជានៅកណ្តាល ប៉ុន្តែពួកគេហាក់ដូចជាកំពុងគាំទ្រនៅខាងកម្ពុជា។ 

លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ក្នុងឋានៈខ្ញុំជាអ្នកទទួលខុសត្រូវចំពោះគោលនយោបាយនេះ គឺយើងការពារខ្លួន អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា ៥១ ដោយធ្វើសកម្មភាពយោងតាមភាពចាំបាច់ និងសមាមាត្រ»។

លោកថា ឈរនៅទីនេះ លោកសូមធានាចំពោះប្រជាពលរដ្ឋថៃទាំងអស់គ្នាថា អាចសប្បាយចិត្តបាន ព្រោះយើងអនុវត្តតាមច្បាប់អន្តរជាតិ បើទោះជាគ្មានប្រទេសណាមួយនៅខាងយើងក៏ដោយ។ 

លោកបានសង្កត់ធ្ងន់ថា អ្វីដែលលោកសង្កេតឃើញនាពេលនេះ គឺថា លោកមិនឃើញមានប្រទេសណាមួយថ្កោលទោសកម្ពុជាចំពោះការដាក់មីននៅក្នុងទឹកដីថៃនោះទេ។ ពួកគេបានត្រឹមតែមកណែនាំឲ្យថៃកាត់បន្ថយការប្រើប្រាស់អាវុធធន់ធ្ងន់នានា និងបន្ថយអំពើហិង្សា។ 

លោកនិយាយបន្ថែមថា៖ «ខ្ញុំជឿជាក់ថា យើងកំពុងដើរលើផ្លូវត្រូវ។ យើងគោរពច្បាប់ ហើយច្បាប់គឺជាជម្រករបស់យើង»៕