ឯកឧត្តម កែវ រ៉េមី៖ កងទ័ពកម្ពុជាត្រូវបានប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសប្រសិទ្ធនាមនិងចារទុកថា ជាវីរជនការពារជាតិប្រឆាំងនឹងសត្រូវឈ្លានពាន

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងមកពី ៦អង្គភាព នៃស្រុកគាស់ក្រឡ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបីចំណុចសំខាន់ៗ ដែលធ្វើឱ្យការតស៊ូប្រយុទ្ធក្នុងការការពារជាតិរបស់វីរកងទ័ពក្លាយជាចំណុចខ្លាំងរបស់កម្ពុជា។ ទីមួយ៖ ប្រទេសថៃជាអ្នកផ្តើមសង្គ្រាមដោយធ្វើសកម្មភាពបង្កហេតុនិងញុះញង់គ្រប់រូបភាពមកលើកម្ពុជា ដូចជាបាញ់សម្លាប់ទាហានកម្ពុជា ព័ទ្ធបន្លាលួស បណ្តេញប្រជាជនពីផ្ទះសម្បែង ប្រើសំឡេងរំខាន បាញ់សម្លាប់ជនស៊ីវិល និងរំលោភបូកមកលើពលការិនីជាដើម តែរាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរអត់ធ្មត់ជាអតិបរិមា ព្រោះកម្ពុជាយល់យ៉ាងច្បាស់ពីផលប៉ះពាល់នៃសង្រ្គាម និងតម្លៃនៃសន្តិភាព។ ទីពីរ៖ កងទ័ពថៃជាទ័ពដែលគ្មានបទពិសោធ ទ័ពលម្អក្រុង និងជាទ័ពថ្មីដែលត្រូវបានបង្ខំឱ្យមកប្រយុទ្ធដើម្បីតែមហិច្ឆិតាមេដឹកនាំដែលស្រេកឃ្លានអំណាចនិងមិនខ្វល់ពីសុខទុក្ខ និងអាយុជីវិតរបស់កងទ័ព និងប្រជាជនខ្លួន។ ផ្ទុយទៅវិញ កងទ័ពកម្ពុជាស្ម័គ្រចូលប្រយុទ្ធដោយស្មារតីតស៊ូអង់អាចក្លាហាន និងមនសិការស្នេហាការពារទឹកដីជាតិមាតុភូមិ ក្រោមការដឹកនាំប្រកបដោយបទពិសោធ យុទ្ធសាស្រ្ត និងការទូតដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ និងសម្តេចធិបតី។ ម្យ៉ាងទៀត ថៃមិនមានឯកភាពផ្ទៃក្នុងឡើយដោយ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ មានជំហរផ្ទុយគ្នា ហើយចំពោះបញ្ញវន្ត អាជីវករ និងប្រជាពលរដ្ឋថៃជាច្រើនក៏មិនគាំទ្រសង្រ្គាមនេះដែរ។ ដោយឡែក កម្ពុជាទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងក្នុង និងក្រៅប្រទេសមានសាមគ្គីភាពនិងសំឡេងតែមួយមិនអាចបំបែកបាន និងនៅរួបរួមគ្នាគាំទ្រជាប់ពីក្រោយជានិច្ច។ ទីបី៖ កងទ័ពកម្ពុជាមានយុទ្ធសាស្រ្តជាចិត្តសាស្រ្តដែលជាកត្តាដ៏សំខាន់ ដើម្បីបង្ហាញពីជំហររឹងមាំ ដោយបង្ហាញភាពអង់អាចក្លាហាន មោះមុត តាមរយៈទឹកមុខ កាយវិការ ពាក្យសម្តី និងការរួបរួមគ្នាជានិច្ចក្នុងការតស៊ូប្រុយុទ្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ការតស៊ូប្រយុទ្ធលើកនេះ មិនត្រឹមតែជាការប្រយុទ្ធការពារបូរណភាពទឹកដីប៉ុណ្ណោះទេ តែថែមទាំងជាការការពារកិត្តិយសនិងលើកមុខមាត់ប្រទេសជាតិ កុំឱ្យប្រទេសអមិត្តគ្មានច្បាប់ទម្លាប់មួយនេះប្រមាថមើលងាយយើងបន្តទៀត។ ប្រជាជនកម្ពុជាគ្រប់រូប បានសម្តែងនូវការដឹងគុណ ព្រមទាំងប្រសិទ្ធនាមនិងចារទុកកងទ័ពទាំងអស់ថាជាវីរជនការពារជាតិប្រឆាំងនឹងសត្រូវឈ្លានពាន៕