ក្នុងគ្រាអាសន្ន! ជនភៀសសឹកខេត្តឧត្តរមានជ័យ ដាំដំណាំរួមរួមគ្នាលើផ្ទៃដីជិត៣ហិចតា សម្រាលបន្ទុកថវិកាប្រចាំថ្ងៃ

អភិបាលខេត្តឧត្តរមានជ័យ វាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលបានចូលរួមដាំដំណាំរួមគ្នាយ៉ាងសស្រាក់សស្រាំក្នុង “កសិដ្ឋានកសិកម្មជនភៀសសឹក” ។ ការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា ធ្វើឡើងក្នុងពេលចុះពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះដំណាំរួមផ្សំ របស់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

លោក មាន ចាន់យ៉ាដា បានលើកឡើងថា សកម្មភាពបង្កបង្កើនផលជុំគ្នានេះធ្វើឡើងលើផ្ទៃដីជិត៣ហិចតា ស្របតាមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១នៃកម្ពុជា ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព តាមរយៈការដាំដុះបន្លែបង្ការ ដើម្បីសម្រាលបន្ទុកថវិកាប្រចាំថ្ងៃរបស់បងប្អូនក្នុងគ្រាអាសន្ន និង ធានាផ្ដល់នូវបន្លែបៃតងស្រស់ៗ ដែលមានសុវត្ថិភាពសម្រាប់សុខភាព។

លោកមានប្រសាសន៍ថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលបានចូលរួមដាំដំណាំទាំងអស់គ្នា យ៉ាងសស្រាក់សស្រាំ នេះគឺជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ ដែលបង្ហាញថា ទោះបីក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ បងប្អូននៅតែមានស្មារតីតស៊ូ បង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត និងជួយគ្នាទៅវិញទៅមក»។

គួរបញ្ចាក់ផងដែរថា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងជ្រើសរើសយកទីតាំងនេះធ្វើជាកន្លែង «កសិដ្ឋានកសិកម្មជនភៀសសឹក»។ កសិដ្ឋាននេះនឹងក្លាយជាគំរូនៃការរៀបចំប្រព័ន្ធស្បៀងបម្រុង និងជាកន្លែងបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដើម្បីធានាថាគ្រប់មណ្ឌលសុវត្ថិភាពទាំងអស់ក្នុងខេត្តឧត្ដរមានជ័យ នឹងមានលទ្ធភាពផ្គត់ផ្គង់បន្លែបង្ការដោយខ្លួនឯងជានិរន្តរ៍។