លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវអាជ្ញាធរភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកមកនៅភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅរាជធានីភ្នំពេញ ដោយការឈ្លានពានពីប្រទេសថៃ។

ការអំពាវនាវនេះ បានធ្វើក្នុងឱកាសលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ ស្ថិតនៅមុខសាលមហោស្រព និងពិព័រណ៏កោះពេជ្រ នៅថ្ងៃទី២៦ខែធ្នូនេះ។

នៅក្នុងពិធីជួបសំណេះសំណាល លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា សង្គ្រាមបង្កឡើងដោយប្រទេសថៃនៅពេលនេះ មិនមែនជាជម្លោះព្រំដែនដូចមុននោះទេ ពោលគឺជាការឈ្លានពានរំលោភដែនអធិបតេយ្យប្រទេសកម្ពុជា ម្លោះហើយមិនដឹងថាសង្រ្គាមចប់នៅពេលណានោះទេ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរត្រូវរួបរួមសាមគ្គីគ្នា និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារដែនអធិបតេយ្យកម្ពុជា។លើសពីនេះ លោកជំទាវបណ្ឌិត ក៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីស្រលាញ់រាប់អានពី សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុនម៉ាណែត ដែលតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ពលរដ្ឋភៀសសឹកបានលើកឡើងដែរថា មូលហេតុមកស្នាក់នៅរាជធានីភ្នំពេញ ព្រោះគិតថាកន្លែងនេះ ទៅឆ្ងាយពីព្រំដែនមានសុវត្ថិភាព ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ផងដែរ។ លើសពីនេះ ពលរដ្ឋភៀសសឹកទាំងអស់នេះ បានអរគុណ សម្តេចតេជោ និងក្រុមគ្រួសារ និងសប្បុរសជននានាដែលបានផ្តល់ស្បៀងអាហារ និងថវិកាជាដើម។

បើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន របស់យោធាថៃបានមកស្នាក់នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានចំនួន១,៧៨៩ គ្រួសារ ស្មើនឹងពលរដ្ឋជិត៦ពាន់នាក់ ក្នុងនោះកុមារមានចំនួនជា១ពាន់នាក់។