របាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេលមួយសប្ដាហ៍ ចុងខែធ្នូ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ជាពិសេសទេសចរជនជាតិឥណ្ឌា ហាក់មានសន្ទុះកើនឡើង ខណៈគ្រឹះស្ថានអង្គររំពឹងថា និន្នាការនៃទេសចរឥណ្ឌា អាចកើនឡើងច្រើនបន្ថែមទៀត នាដើមខែមករា ឆ្នាំ២០២៦ខាងមុខ។
មន្ទីរព័ត៌មានខេត្តសៀមរាប ស្រង់សម្តីឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ឱ្យដឹងថា រយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ភ្ញៀវទេសចរបទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងច្រើន ក្នុងនោះ រួមមានទេសចរជនជាតិជប៉ុន កូរ៉េ និងទេសចរប៉ែកអឺរ៉ុប ជាពិសេសក៏មានទេសចរជនជាតិឥណ្ឌាច្រើនផងដែរ។
ឯកឧត្តមថា តាំងពីថ្ងៃទី២០ ខែធ្នូមក ទេសចរបរទេសចន្លោះ២៥០០នាក់ ទៅដល់៣៨០០នាក់ក្នុងមួយថ្ងៃ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
ឯកឧត្តមបានពន្យល់អំពីមូលហេតុចម្បងៗ ដែលនាំឱ្យទេសចរបរទេស ចាប់ផ្ដើមមានការកើនឡើងមកវិញ ជាពិសេសគឺទេសចរឥណ្ឌា ក្នុងនោះគ្រឹះស្ថានអង្គររំពឹងថា នៅដើមខែមករា ឆ្នាំ២០២៦ខាងមុខ ទេសចរឥណ្ឌានឹងកាន់តែមានកំណើនថែមទៀត។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលកម្ពុជា បានទាក់ទាញទេសចរឥណ្ឌាចូលមកកម្សាន្តហើយនោះ យើងនឹងខិតខំបន្ថែមទៀត ដើម្បីទាក់ទាញ ជាពិសេសទេសចរឥណ្ឌាខ្លួនឯង ក៏បានជួយផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាផងដែរ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ រំពឹងនាថ្ងៃអនាគត ភ្ញៀវទេសចរនឹងកើនឡើង ខណៈឥណ្ឌា គឺជាទីផ្សារដ៏ធំមួយសម្រាប់ទេសចរណ៍កម្ពុជា៕






