សហរដ្ឋអាមេរិក បានចាត់ទុកថា ការដោះលែងទាហានកម្ពុជាចំនួន១៨ នាក់ ដោយភាគីថៃ គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក THOMAS “TOMMY” PIGOTT អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។
លោក THOMAS “TOMMY” PIGOTT បានបន្តថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា។
សហរដ្ឋអាមេរិក ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ។ សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ។
គួរបញ្ជាក់ថា យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព តាមនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ។
ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបនេះ ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)ផងដែរ៕

