កម្ពុជា ដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា5G) ចាប់ពីថ្ងៃទី១ មករានេះតទៅ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការសេវាទូរសព្ទចល័ត ជំនាន់ទី៥ (សេវា 5G) នៅក្នុងប្រទេសកម្ពុជា ។ បើតាមក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា សេវាទូរសព្ទចល័ត ជំនាន់ទី៥ (សេវា 5G) ក្រសួងបានសហការជាមួយប្រតិបត្តិករទូរសព្ទ​ចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និងបំពាក់ឧបករណ៍ផ្តល់សេវា 5G នៅតាមទីតាំងបានកំណត់។

អ្នកប្រើប្រាស់សេវារបស់ ប្រតិបត្តិករទូរសព្ទចល័តទាំង៣ អាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ ដែលនៅដំណាក់កាលដំបូង គឺនៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។ ជាជំហានៗបន្តទៀត វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងពង្រីកឱ្យបានកាន់តែទូលំទូលាយ បន្ថែមទៀត និងទៅកាន់គ្រប់បណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេស។

សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្រប តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោល​នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវ អត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុង ពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈឌីជីថល ជាដើម។

សេវា 5G មិនមែនត្រឹមតែមាន “អ៊ុនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ ប៉ុន្តែ សេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ ព្រះរាជាណាចក្រកម្ពុជា៕