សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនាបាននាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ។
នៅក្នុងឱកាសសួរសុខទុក្ខនេះ សម្តេចនិងនាយឧត្តមសេនីយ៍រដ្ឋមន្រ្តីការពារជាតិ បានកោតសរសើរខ្ពស់នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើងការពារជាតិមាតុភូមិ និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសំណាក់យោធាថៃ។ តាមរយៈសកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព។
ក្នុងនោះដែល ឯកឧត្តម ទៀ សីហា បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា៖ “មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ” នឹងបានមានប្រសាសន៍ផ្តាំផ្ញើរដល់ វីរយុទ្ធជន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា សូមសម្រាកឲ្យបានច្រើន ញុំាឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងសូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញនៅពេលខាងមុខ៕








