រដ្ឋមន្រ្តីការពារជាតិ៖ វីរភាពរបស់វីរកងទ័ព វីរនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប 

«វីរភាពរបស់វីរកងទ័ព និងវីរនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង»។ នេះជាសាររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  នាព្រឹកថ្ងៃទី៥ ខែធ្នូនេះបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ ដែលបានបញ្ជូនមកសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកេតុមាលា។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ក្រុមគ្រូពេទ្យទាំងអស់ដែលចូលរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ 

ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន៕