ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បញ្ជាក់ថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit- accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ ដូ្នេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។
បើតាមធនាគារជាតិ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។
ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា។
សូមបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនលោក ចេន ហ្ស៊ី និងបក្សបញ្ជូនទៅប្រទេសចិន ក្រោយស៊ើបអង្កេតជាច្រើនខែ។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
Prince Holding Group គឺជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៣០ លើវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងទំនិញប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥មក។ វិសាលភាពអាជីវកម្មរបស់ Prince Holding Group គ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ២ពាន់លានដុល្លារ រួមទាំងផ្សារទំនើបដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ គឺព្រីនស៍ផ្លាហ្សា៕

