ឯកឧត្តម កែវ រ៉េមី៖ ភាគរយទាបណាស់នឹងមិនមានសង្រ្គាមកម្ពុជា-ថៃ លើកទី៣ បើទោះអនុទីន ចាញ់ឆ្នោត

ឆ្លើយតបជាមួយនឹងមតិដែលបានលើកក្នុងការព្រួយបារម្ភថា បើលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះថៃបច្ចុប្បន្នចាញ់ឆ្នោតនឹងមានសង្រ្គាមជាលើកទី៣ ជាមួយកម្ពុជា ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា ភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ នឹងថាសម្រាប់ការធានាស្ថេរភាព និងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជា -ថៃ ក្នុងពេលអនាគត គឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យ។

តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី៨ ខែមករាម្សិលមិញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញទស្សន:ចំពោះជោគវាសនាលោក អនុទីន និងភាគរយនៃការយកលេសចាប់ផ្តើមសង្រ្គាមឈ្លានពានកម្ពុជាដើម្បីរកសំឡេងឆ្នោតជាសារថ្មី។ ឯកឧត្តមថ្លៃងថា បើអានុទីនចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ  ពីព្រោះកន្លងមកយោធាថៃបើកការឈ្លានពានកម្ពុជាបាន ក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលថៃដែលដឹកនាំដោយអានុទីនដែលពាក្យខ្មែរយើងនិយាយថា«ទៅទាំងបុីទាំងស្គរ »។ ហេតុដូច្នេះ បើអានុទីន បាត់អំណាចហើយ ទាហានថៃមិនអាចធ្វើសង្រ្គាមដោយគ្មានដៃគូបាននោះទេ។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថា «ជាសន្និដ្ឋានបើ អានុទីនចាញ់ឆ្នោត នោះសង្រ្គាមនឹងមិនអាចកើតបានទេ។ បើគណបក្សប្រជាជន ឬគណបក្សភឿថៃឈ្នះឆ្នោតនៅក្នុងខែកុម្ភ:នេះ ពួកគេនឹងមិនលេងល្បែងសង្រ្គាមដូចគណបក្សដទៃនោះទេ ពីព្រោះថា គណបក្សទាំងពីរផ្តោតទៅលើសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងបង្កើនទំនាក់ទំនងអន្តរជាតិ ជាជាងធ្វើសង្រ្គាមជាមួយប្រទេសជិតខាង បើទោះជាគោលនយោបាយរបស់ពួកគេ មានការបើកច្រកសហការជាមួយយោធាថៃក៏ដោយ ក៏ចរិតលក្ខណ:នៃគណបក្សទាំងពីរមិននិយមធ្វើសង្រ្គាមដែរ»។

ឯកឧត្តមបានបន្ថែមថា សម្រាប់ការធានាស្ថេរភាព និងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជា -ថៃ ក្នុងពេលអនាគត គឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យគណបក្សប្រជាជន ឬគណបក្សភឿថៃ។ បើខុសពីគណបក្សទាំងពីរ គឺនឹងនាំមកនូវភ្លើងសង្រ្គាម និងភាពមហន្តរាយនៃប្រទេសទាំងពីរដោយគ្មានទីបញ្ចប់។

យោងតាមការស្ទង់មតិនៅប្រទេសថៃ បង្ហាញថា លោក Yodchanan Wongsawat មកពីគណបក្សភឿថៃ គឺជាបុគ្គលដែលប្រជាជន ចង់ឲ្យដឹកនាំប្រទេសជាងគេ។ ក្នុងការស្ទង់មតិរបស់ Matichon និង Daily News ដែលធ្វើឡើងចាប់ពីថ្ងៃទី១៨ខែធ្នូមក, លោក Yodchanan ទទួលបានសំឡេងគាំទ្រ ៣៩.២% ចំណែកលេខ២គឺលោក Natthaphong Ruengpanyawut នៃគណបក្សប្រជាជន ដែលទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាបំផុតគឺ ៣៨.៨% ចំណែក Anutin Charnvirakul ស្ថិតនៅលំដាប់ទី៤ឯណោះ ដោយមានសំឡេងគាំទ្រត្រឹម២.៧%ប៉ុណ្ណោះ៕