អារ៉ាប៊ីសាអូឌីត ពេញចិត្តចំពោះទំនាក់ទំនងជាមួយកម្ពុជា និងបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតនៅភ្នំពេញ នាពេលអនាគត

ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ នាពេលអនាគត។

ក្នុងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Mohammed Ismaeil A. Dahlwy  ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។ 

ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្ទុះនៃទំនាក់ទំនង តាមរយៈការបន្តផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ និងទស្សនកិច្ចទៅវិញទៅមក។ ភាគីទាំងពីរបានរំលឹកឡើងវិញ ដោយក្តីសោមនស្ស រីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីខែធ្នូ ឆ្នាំ២០២៤ និងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៥។ 

ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាង ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (H.H. Prince Faisal Farhan Al Saud) រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្នុងអំឡុង ពេលដែលព្រះអង្គយាងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ភាគីទាំងពីរក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមុន។ ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង ថាមពល និងវិស័យសក្តានុពលផ្សេងៗទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅរាជធានីភ្នំពេញ នាពេលអនាគត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និង ទីក្រុងរីយ៉ាដ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយសង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងបន្តផ្តល់អាហារូបករណ៍ បន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមពីលើកម្មវិធីសិក្សាផ្នែកសាសនាដែលមានស្រាប់ ហើយកម្ពុជាត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត៕