វត្ថុបុរាណខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសារមន្ទីរជាតិបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩១០។ ការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានធ្វើឱ្យប្រទេសមួយចំនួន បានស្នើសុំខ្ចីវត្ដុបុរាណខ្មែរ ដាក់តាំងពិព័រណ៍នៅឯបរទេស អំឡុងមុនសង្គ្រាមស៊ីវិលឆ្នាំទស្សវត្សឆ្នាំ១៩៧០។ ប្រទេសដែលធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅដាក់តាំងបង្ហាញ មានប្រទេសឥណ្ឌា ជប៉ុន បារាំង កាណាដា អាល្លឺម៉ង អេស្ប៉ាញ សហរដ្ឋអាម៉េរិក កូរ៉េជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលបានការចាប់អារម្មណ៍ខ្ចីពីប្រទេសចិន។
នាពេលថ្មីៗនេះ មានមតិសាធារណជនជាច្រើនបានពិភាក្សា វែកញែកពេញបណ្តាញសង្គមចំពោះការផ្តល់កម្ចីវត្ថុបុរាណ ១៥០រូបសម្រាប់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ចល័តជាសកលនៅទីតាំងចំនួនបីផ្សេងគ្នាក្នុងប្រទេសចិន ដោយនឹងចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។ វត្ថុបុរាណខ្មែរទាំងនោះ រួមមានរូបចម្លាក់ទេពទាំងក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា សម្ភារបុរាណដែលប្រើប្រាស់សម្រាប់កិច្ចសាសនា និងពុម្ពថ្មដែលប្រើប្រាស់សម្រាប់សិតគ្រឿងលោហៈ។
ក្នុងនោះសាធារណជនបានសម្តែងនូវក្តីព្រួយបារម្ភចំពោះការខ្លាចបាត់បង់វត្ថុបុរាណ ដែលបានផ្ដល់កម្ចីឱ្យទៅប្រទេសចិន ខ្លាចយកត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបែរទៅជាវត្ថុចម្លងថ្មី និងខ្លះទៀតខ្លាចយកទៅនោះ ជាការជួញដូរ មិនមែនជាការដាក់តាំង ពិព័រណ៍ពិតប្រាកដ ដែលហេតុផលទាំងអស់នេះ បានឈានដល់ការរឹះគន់ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថាបានលួចយកសម្បត្តិវប្បធម៌របស់ដូនតាខ្មែរយកទៅលក់ជាដើម។
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្តីបារម្ភដែលបងប្អូនបានលេីកឡេីងនេះ ពិតជាមិនខុសនោះទេ ប៉ុន្តែហេតុផលទាំងអស់នេះ ក៏មិនត្រឹមត្រូវនោះដែរ។ ឯកឧត្តមបញ្ជាក់ជូនត្រង់ចំណុចនេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំផ្ទាល់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការជំនាញ បានគិតគូរយ៉ាងល្អិតល្អន់លេីបញ្ហទាំងអស់នេះផងដែរ។ ចំពោះការងារបច្ចេកទេស ក្នុងការដឹកជញ្ជូនវត្ថុបុរាណទៅកាន់ប្រទេសដែលបានស្នើសុំកម្ចី ត្រូវទាមទារឱ្យមានការចូលរួមពីអ្នកជំនាញខ្មែរដេីម្បីវេចខ្ចប់ មេីលថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតទាំងការធ្វើដំណើរ និងកំឡុងពេលដាក់តាំងបង្ហាញក្នុងពិព័រណ៍ និងមានទាំងថ្លៃធានារ៉ាប់រងក្នុងការដឹកជញ្ជូនវត្ថុបុរាណទាំងនោះទៀតផង។ បន្ថែមពីលើនោះ រាល់ការចល័តវត្ថុបុរាណពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត ត្រូវមានឯកសារជាលាយលក្ខណ៍អក្សរស្របច្បាប់ ដោយទទួលស្គាល់ពីភាគីទាំងសងខាងផងដែរ។ បន្ទាប់ពីបញ្ចប់ការតាំងពិព័រណ៍ ប្រទេសដែលបានស្នើសុំកម្ចី នឹងត្រូវប្រគល់វត្ថុបុរាណទាំងនោះមកកាន់ប្រទេសកម្ពុជាវិញ។

ឯកឧត្តមបានបន្តថា ចំពោះផលប្រយោជន៍ ពីការផ្ដល់កម្ចីវត្ថុបុរាណសម្រាប់ការដាក់តាំងបង្ហាញក្នុងពិព័រណ៌ជាសកលនៅប្រទេសចិន ជាមធ្យោបាយមួយសម្រាប់ការផ្សព្វផ្សាយអារ្យធម៌ខ្មែរដែលមានវ័យចំណាស់ជាង ២០០០ឆ្នាំទៅកាន់ប្រទេសចិន។ ក្រោយពីបានផ្សព្វផ្សាយអារ្យធម៌ខ្មែរនៅប្រទេសចិន កម្ពុជានឹងកាន់តែទាក់ទាញភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលបានទស្សនាការតាំងពិព័រណ៍នោះ ឱ្យបានស្គាល់ពីសិល្បៈ វប្បធម៌ ប្រពៃណី អារ្យធម៌របស់ខ្មែរ ដ៏មានវ័យចំណាស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ និងមកទស្សនាប្រាង្គប្រាសាទបុរាណរបស់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។ ក្រៅពីនោះ កម្ពុជាក៏នឹងអាចទាក់ទាញអ្នកវិនិយោគទុនចិន និងបរទេសឱ្យមកដាក់ទុនវិនិយោគលេីវិស័យនានាផងដែរ ដែលនេះជាផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍ក្នុងពេលអនាគត ដោយបានផ្ដល់ផលចំណេញដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ព្រមទាំងធ្វើឱ្យមានកំណេីនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដេីម្បីប្រកួតប្រជែងក្នុងតំបន់ និងលេីឆាកអន្តរជាតិ។
តាមរយៈ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ បានបញ្ជាក់ថា សរុបត្រឹមឆ្នាំ២០២៦នេះ កម្ពុជាមានរូបចម្លាក់មិនតិចជាង ៦០០រូបទេ ដែលបានបញ្ជូនទៅដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនៅបរទេស រួមមានទាំងនៅអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និងនៅអាស៊ី ដូចជាប្រទេសចិនជាដើម ក្នុងពិព័រណ៍ចល័តជាសាកលនៅប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាពិព័រណ៍ចល័តជាសាកលជាមួយ Museums Partner បានតាំងបង្ហាញរូបចម្លាក់ខ្មែរចំនួន ១០១ នៅសារមន្ទីរ The Royal Alberta ប្រទេសកាណាដា និងនៅសារមន្ទីរសារមន្ទីរធម្មជាតិនិងវិទ្យាសាស្រ្ត ក្រុងដេនវើ សហរដ្ឋអាមេរិក។
ពិព័រណ៍ចល័តសហការជាមួយសារមន្ទីរសិល្បៈអាស៊ីហ្គីមេបានតាំងបង្ហាញវត្ថុបុរាណខ្មែរចំនួន១២៧ នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ប្រទេសបារាំង និងនៅវិទ្យាស្ថានសិល្បៈ ក្រុងម៉ីណាប៉ូលិស រដ្ឋម៉ីនីសូតា សហរដ្ឋអាមេរិក។ ពិព័រណ៍ចល័តសហការជាមួយ Art Exhibitions China បានដាក់តាំងវត្ថុបុរាណខ្មែរចំនួន ១២២ នៅសារមន្ទីរ China (Hainan) Museum of the South China Sea ហើយគម្រោងនេះនឹងបន្តរៀបចំដាក់តាំងនៅសារមន្ទីរចំនួនពីរបន្ថែមទៀតនៅឆ្នាំ២០២៦។
លើសពីនេះ កម្ពុជាកំពុងបន្តគម្រោងពិព័រណ៍វត្ថុបុរាណខ្មែរចំនួន ២ នៅសារមន្ទីរ The Asina Civilisation Museum ពិព័រណ៍វត្ថុបុរាណខ្មែរចំនួន ២ នៅសារមន្ទីរសិល្បៈក្រុងដេនវើ The Denver Art Museum សហរដ្ឋអាមេរិក និងពិព័រណ៍វត្ថុបុរាណខ្មែរចំនួន៣នៅវិចិត្រសាលជាតិអូស្ត្រាលី National Gallery of Australia ប្រទេសអូស្ត្រាលី៕








