នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើ ដែលគ្មានសណ្ដាប់ធ្នាប់នៅលើ ដងផ្លូវ លើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដើមគរចាស់ក្នុងខណ្ឌទួលគោក ខណ្ឌបឹងកេងកង ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវនេះតទៀតទេ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា «អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដើមគរ មានចំនួនជាង ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ។ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ»។
នៅពេលសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះ លោក ឃួង ស្រេង បញ្ជាក់យ៉ាងដូច្នេះថា ដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរ តែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយ ទើបយើងឱ្យពួកគាត់ចាកចេញពីលើទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ។ ចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង។
គួរឲ្យដឹងថា អ្នកលក់ដូរបន្លែផ្លែឈើ គ្មានសណ្ដាប់ ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ នៃមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវ នានា នៅតំបន់ជុំវិញផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ ហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថា ផ្សារដើមគរចាស់ត្រូវផ្លាស់ប្តូរទីតាំងថ្មី គឺជាព័ត៌មានមិនពិតនោះទេ៕


