ប្រទេសកម្ពុជា និងចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ ភាគីចិនបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី និងគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមសន្ដិ នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ ឯកឧត្តម នេត សាវឿន បានប្រាប់ឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិន អំពីស្ថានភាពជាក់ស្ដែង និងពិតប្រាកដរបស់កម្ពុជា ពោលកម្ពុជាក៏ជាប្រទេសមួយរងគ្រោះ ដោយសារបទល្មើសឆបោកនេះ ដោយហេតុថា ជនល្មើសទាំងអស់បានយកទីទាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ ដូច្នេះហើយទាមទារឲ្យកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ កាន់តែស្អិតរមួតបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វត្តមានរបស់មិត្តចិនដែលមកបំពេញទស្សនកិច្ចនៅពេលនេះ ក៏ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កំពុងតែប្រើប្រាស់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញគ្រប់ទម្រង់ទាំងអស់។ ឯកឧត្តមសង្ឃឹមថា ភាគីចិន-កម្ពុជា នឹងបន្ដពង្រឹងលើការងារប្រឆាំងឧក្រិដ្ឋកម្មអនឡាញនេះបន្ថែមទៀត។
សម្រាប់ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការក្នុងការចាប់ខ្លួនមេខ្លោងបទល្មើសឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen Zhi) ដែលនេះគឺជាការរួចចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសចិន។
ឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិនបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM), អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចធិបតី អំពាវនាវឲ្យជនរួមជាតិរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងបទល្មើសអនឡាញជាដើម៕



