ពលរដ្ឋភៀសសឹកកម្ពុជាជាង១ពាន់គ្រួសារ មិនអាចវិលទៅកាន់លំនៅឋានវិញបាន ដោយសារយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល

យោងតាមទីភា្នក់ងារសារព័ត៌មានAKP នៅព្រឹកថ្ងៃទី០៥ ខែកមករា ឆ្នាំ២០២៦នេះ ដែលបានស្រង់សម្តីរបស់អាជ្ញាធរដែនដី ថាមានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ ។

ជាមួយគ្នានេះ ផ្នែកខ្លះនៃភូមិទាំងពីរក៏ការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅផងដែរ។

ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅ​វិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជា​ពិ​សេ​​ស​នៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រក ទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។

រាដ្ឋាភិបាលកម្ពុជា ក៏ការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់ទាំងនេះផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការ​ពារ​ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែ​ន​ទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕