តារាចម្រៀង ខេមរៈ សិរីមន្ត មិនប្រកាន់ទោសកំហុស ព្រមទទួលការអធ្យាស្រ័យ ក្រោយតារាចម្រៀង រ៉េប ខ្មែរមួយជីវិត ដឹងពីកំហុសខ្លួននិងសុំបញ្ចប់បញ្ហា !

ពេលនេះរឿងចម្រុងចម្រាលពាក្យសម្តី រវាងតារាចម្រៀង រ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានបញ្ចប់ហើយ បន្ទាប់ពីតារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញមុខដឹងកំហុសខ្លួន បញ្ចប់រឿង និងសុំការអធ្យាស្រ័យ ពីតារាចម្រៀងរៀមច្បងទាំង ២

ផលិតកម្ម «Galaxy Navatra» សម្ដែងការខកចិត្តខ្លាំង ចំពោះតារារ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ លើតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

(ភ្នំពេញ)៖ ផលិតកម្ម «Galaxy Navatra» របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះតារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យរិះគន់មិនគប្បី អសុរសទៅលើតារាចម្រៀង២ដួង ក្នុងផលិតកម្មរបស់ខ្លូន គឺតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង ខេមរៈ សិរីមន្ត ដោយពាក្យមាក់ងាយប្រមាថទាំងនេះ ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងទាំងពីរខាងលើ ដែលសុទ្ធសឹងជាតារាល្បីលំដាប់ប្រទេស ហើយបានបង្ហាញពីការមិនសាមគ្គីគ្នាក្នុងវិស័យសិល្បៈចម្រៀង និងអាចមានគំនុំគុំគួនគ្នាទៅថ្ងៃក្រោយទៀតផង