ឯកឧត្តម ឌី វិជ្ជា ផ្តល់​ជូន​សំបុត្រ​ទស្សនា ដល់​អ្នក​សារព័ត៌មានចំនួន ​៩១​នាក់ ម្នាក់​ៗ២សំបុត្រ

ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​សម្រេច​​ផ្តល់​ជូន​សំបុត្រ​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League ដល់​អ្នក​សារព័ត៌មាន​ចំនួន​៩១​នាក់ ដែល​ក្នុង​១​នាក់​ទទួល​បាន​២​សំបុត្រ​ដូច​គ្នា។

អ្នក​សារព័ត៌មាន​ទាំង​៩១​នាក់​​​គឺ​ជា​អ្នក​បាន​ចុះ​ឈ្មោះ​​ទៅ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ដើម្បី​ទទួល​​ប័ណ្ណ​ដើម្បី​​ចូល​រួម​​​ធ្វើ​សេចក្តី​រាយការណ៍ និងផ្សព្វផ្សាយជុំ​វិញ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Arkadag នា​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ដូច្នេះ​ក្រៅ​ពី​មាន​ប័ណ្ណ​ដែល​អាច​​ធ្វើ​សេចក្តី​រាយការណ៍ និងផ្សព្វផ្សាយជុំ​វិញ​ការ​ប្រកួត​​ជា​ប្រវត្តិ​សាស្ត្រ​នៅ​លើ​ទឹក​ដី​កម្ពុជា អ្នក​សារព័ត៌មាន​អាច​​ផ្តល់​សំបុត្រ​ទស្សនា​ដល់​បង​ប្អូន ឬ​សាច់ញាតិ​ដើម្បី​​​បាន​ទៅ​ទស្សនា​ផ្ទាល់​ដែរ។

សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​ក្លិប​អាស៊ី​​លំដាប់ទី​៣​​នេះត្រូវ​បាន​មហាជន​ចាត់​ទុក​មាន​តម្លៃ​ទាប​បំផុត បើ​ប្រៀប​ធៀប​នឹង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ៗ​នៅ​តំបន់​អាស៊ី។ ប្រភេទ​ទី១​តម្លៃ​ត្រឹម​តែ​៨០០០​រៀល និង​ប្រភេទ​ទី​២​តម្លៃ​ត្រឹម​តែ​៥០០០​រៀល​ប៉ុណ្ណោះ​ដែល​នេះ​ជា​តម្លៃ​ទាប​បំផុត​ស្ទើរ​តែ​មិន​ធ្លាប់​មាន​សម្រាប់​​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​​វគ្គ​ផ្តាច់​ព្រ័ត្រ​លំដាប់​អាស៊ី។

តម្លៃ​ទាប​នេះ​ត្រូវ​បាន​មហាជន​កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​​​ថ្នាក់​ដឹក​នាំ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​ធ្វើ​​យ៉ាង​ណា​ឲ្យ​ប្រជាពល​រដ្ឋ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ និងមិន​គិត​ចង់​បាន​ចំណូល​ឡើយ។ នេះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​មិន​​ធ្លាប់​មាន​នៅ​កម្ពុជា​គឺ​ជា​ឱកាស​ដ៏​កម្រ​ស្ទើរ​មួយ​ជីវិត​មាន​ម្តង​ដែល​​អ្នក​គាំទ្រ​គួរ​តែ​ចំណាយ​វេលា​ទៅ​មើល​ផ្ទាល់​ម្តង​ដើម្បី​ជា​សក្ខីភាព កំណត់​ត្រា និង​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា។

កុំ​ភ្លេច​ណា​បង​ប្អូន! ត្រៀម​ខ្លួន​ចូល​រូម​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន​កុះករ​ដល់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង តំណាង​ឲ្យ​កម្ពុជា​ដែល​កំពុង​មាន​មុខ​មាត់​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ៕