ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ដល់អ្នកសារព័ត៌មានចំនួន៩១នាក់ ដែលក្នុង១នាក់ទទួលបាន២សំបុត្រដូចគ្នា។

អ្នកសារព័ត៌មានទាំង៩១នាក់គឺជាអ្នកបានចុះឈ្មោះទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីទទួលប័ណ្ណដើម្បីចូលរួមធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយជុំវិញការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ព្រះខ័នរាជស្វាយរៀង និង Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដូច្នេះក្រៅពីមានប័ណ្ណដែលអាចធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយជុំវិញការប្រកួតជាប្រវត្តិសាស្ត្រនៅលើទឹកដីកម្ពុជា អ្នកសារព័ត៌មានអាចផ្តល់សំបុត្រទស្សនាដល់បងប្អូន ឬសាច់ញាតិដើម្បីបានទៅទស្សនាផ្ទាល់ដែរ។
សំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះត្រូវបានមហាជនចាត់ទុកមានតម្លៃទាបបំផុត បើប្រៀបធៀបនឹងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗនៅតំបន់អាស៊ី។ ប្រភេទទី១តម្លៃត្រឹមតែ៨០០០រៀល និងប្រភេទទី២តម្លៃត្រឹមតែ៥០០០រៀលប៉ុណ្ណោះដែលនេះជាតម្លៃទាបបំផុតស្ទើរតែមិនធ្លាប់មានសម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិវគ្គផ្តាច់ព្រ័ត្រលំដាប់អាស៊ី។
តម្លៃទាបនេះត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀងដែលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ និងមិនគិតចង់បានចំណូលឡើយ។ នេះជាប្រវត្តិសាស្ត្រដំបូងមិនធ្លាប់មាននៅកម្ពុជាគឺជាឱកាសដ៏កម្រស្ទើរមួយជីវិតមានម្តងដែលអ្នកគាំទ្រគួរតែចំណាយវេលាទៅមើលផ្ទាល់ម្តងដើម្បីជាសក្ខីភាព កំណត់ត្រា និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។
កុំភ្លេចណាបងប្អូន! ត្រៀមខ្លួនចូលរូមគាំទ្រ និងលើកទឹកចិត្តឲ្យបានច្រើនកុះករដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងឲ្យកម្ពុជាដែលកំពុងមានមុខមាត់លេចធ្លោលើឆាកអន្តរជាតិ៕





