មនុស្សជាង ១០០ នាក់បានស្លាប់និងជាច្រើននាក់បាត់ខ្លួន បន្ទាប់ពីទឹកជំនន់ហូរច្រោះនៅភាគខាងកើតប្រទេសកុងហ្គោ

មនុស្សជាង ១០០ នាក់បានស្លាប់ និងបាត់ខ្លួនជាច្រើននាក់ បន្ទាប់ពីទឹកជំនន់ដ៏ធំមួយបានហូរច្រោះឆ្លងកាត់ក្នុងភូមិមួយនៅជិតច្រាំងនៃបឹង Tanganyika នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ នេះបើយោងតាមការចេញផ្សាយពីអង្គភាពរ៉យទ័រនៅថ្ងៃទី ១២ ខែឧសភានេះ។ 

ទឹកជំនន់ដែលប៉ះពាល់ដល់ភូមិ Kasaba កើតឡើងនៅគ្រាដែលប្រជាជនងាយរងគ្រោះសម្រាប់ប្រជាជាតិអាហ្វ្រិកកណ្តាល ដោយក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស Rwanda បានបង្កើនការវាយលុកនៅក្នុងតំបន់ភាគខាងកើតចាប់តាំងពីដើមឆ្នាំមក ដោយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។

យោងតាមលោក ឌីដៃអរ លូហ្គានីវ៉ា (Didier Luganywa) អ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា ឧបទ្ទវហេតុទឹកជំនន់បានកើតឡើងនៅចន្លោះយប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅពេលដែលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបានបណ្តាលឱ្យទន្លេ Kasaba ហៀរច្រាំងទន្លេ។

គូសបញ្ជាក់ថាតំបន់ Kasaba គឺអាចចូលបានតែតាមរយៈបឹង Tanganyika ប៉ុណ្ណោះ ហើយបានផ្តាច់បណ្តាញទូរស័ព្ទចល័ត និងវាអាចពន្យារពេលការផ្តល់ជំនួយមនុស្សធម៌ផងដែរ៕

ដោយ៖ ចិន្តា ទីទិ