ទីបំផុត! អ៊ុយក្រែន យករ៉ែដោះដូរសន្តិភាពជាមួយ ត្រាំ

អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានយ៉ាងខ្លាំង ដែលវានឹងផ្តល់ឱ្យអាមេរិកនូវសិទ្ធិទទួលបានអនុគ្រោះដល់កិច្ចព្រមព្រៀងរ៉ែថ្មីរបស់អ៊ុយក្រែន និងការវិនិយោគទុនក្នុងការកសាងឡើងវិញរបស់អ៊ុយក្រែន។ នេះបើយោងតាមការផ្សាយចេញពីរ៉យទ័រនៅថ្ងៃទី១ ឧសភានេះ។ 

ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការចរចារគ្នាជាច្រើនខែមកហើយ ដែលពេលខ្លះមានភាពមិនច្បាស់លាស់ ប៉ុន្តែនៅតែបន្តរហូតដល់នាទីចុងក្រោយ ជាមួយនឹងពាក្យថា «សោកនាដកម្មម៉ោង១១»។

កិច្ចព្រមព្រៀងនេះ បានបង្កើតមូលនិធិវិនិយោគរួមមួយសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន ខណៈត្រាំ ព្យាយាមធានាឱ្យមានដំណោះស្រាយសន្តិភាពនៅក្នុងសង្គ្រាមរយៈពេលបីឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន។

កិច្ចព្រមព្រៀងនេះ គឺជាចំណុចកណ្តាល នៃកិច្ចប្រឹងប្រែងរបស់ទីក្រុងគៀវ ក្នុងការកែសម្រួលទំនាក់ទំនងជាមួយលោក ត្រាំ និងសេតវិមានដែលបានបែកបាក់បន្ទាប់ពីលោកបានចូលកាន់តំណែងកាលពីខែមករា។ មន្ត្រីអ៊ុយក្រែន សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងធានាបាននូវការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កូត បេសសិន (Scott Bessent) និងឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន លោក យូឡៃ វីរីដិនកូ (Yulia Svyrydenko)បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល ត្រាំ ចំពោះអ៊ុយក្រែនដែលមានសេរីភាព អធិបតេយ្យភាព និងវិបុលភាព» ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុតតែមួយគត់របស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីឆ្នាំ២០២២ ជាមួយនឹងជំនួយជាង ៦៤ ពាន់លានអ៊ឺរ៉ូ ស្មើនឹង ៧២ ពាន់លានដុល្លារ។ 

មុនពេលចុះហត្ថលេខា លោក ត្រាំ បានបញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកគួរតែទទួលបានអ្វីមួយសម្រាប់ជំនួយរបស់ខ្លួនដល់ទីក្រុងគៀវ ដូច្នេះការប្រឹងប្រែងគឺត្រូវទទួលបានសារធាតុរ៉ែកម្រដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ុយក្រែន។

សូមជំរាបថា អ៊ុយក្រែនសម្បូរទៅដោយធនធានធម្មជាតិ រួមទាំងលោហៈធាតុកម្រ ដែលត្រូវបានប្រើប្រាស់ក្នុងគ្រឿងអេឡិចត្រូនិក យានជំនិះអគ្គិសនី និងកម្មវិធីយោធាជាដើម។ ការជីកយករ៉ែកម្រលើពិភពលោកនាពេលបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយប្រទេសចិន ដែលត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការដំឡើងពន្ធដ៏មុតស្រួចរបស់លោក ត្រាំ ៕

ដោយ៖ ចិន្តា ទីទិ