ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្ដម Charles Hay MVO នាយកទីភ្នាក់ងារកិច្ចការបរទេស ផ្តល់ជំនួយ និងការអភិវឌ្ឍទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស (FCDO Director for Southeast Asia and the Pacific) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចុះឈ្វេងយល់អំពីសកម្មភាព និងចុះពិនិត្យលទ្ធផលនៃការងារបោសសម្អាតមីនរបស់អង្គការ HALO Trust ក្រោមការគាំទ្រពីទីភ្នាក់ងារ FCDO នៃក្រសួងការបរទេសចក្រភពអង់គ្លេស។
ចម្ការមីនដែលត្រូវចុះពិនិត្យ ស្ថិតក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលេី ខេត្តសៀមរាប ដោយមានអញ្ជើញចួលរួមផងដែរពី ឯកឧត្ដម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និង ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក តំណាង ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក។
អំឡុងពេលចុះពិនិត្យនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកនេះ។ ក្នុងនោះចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលេីសកម្មភាពមនុស្សធម៌នេះផងដែរ។
ឯកឧត្ដម បន្តទៀតថា ទោះបីយ៉ាងណា កម្ពុជានៅបន្តដេីរលេីផ្លូវយ៉ាងវែងឆ្ងាយទៀត ក្នុងការដោះស្រាយបញ្ហាមីនដែលនៅសេសសល់ ក្នុងនោះដេីម្បីដោះស្រាយបញ្ហាទាំងនេះ អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំនូវគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដេីម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណដល់អង្គការ HALO Trust ដែលបានចូលរួមចំណែកក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ព្រមទាំងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងជូនប្រជាជនកម្ពុជា តាមរយៈការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ និងលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្ដម Charles Hay បានថ្លែងអំណរគុណ និងសម្តែងនូវការពេញចិត្តចំពោះលទ្ធផលជាក់ស្តែងលេីដីបោសសម្អាតមីនរួច ក្រោមជំនួយគាំទ្ររាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។
ការចុះពិនិត្យរបស់ទីភ្នាក់ងារ FCDO លេីជំនួយរបស់អង់គ្លេសលេីការងារបោសសម្អាតមីននៅកម្ពុជា គឺដេីម្បីសិក្សាវាយតម្លៃអំពីលទ្ធផលសម្រេចបាន និងរៀបចំនូវរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលអង់គ្លេស ធ្វើការពិនិត្យ និងពិចារណាលេីការផ្តល់ជំនួយបន្តរបស់អង់គ្លេស ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង២០២៧ ខាងមុខ៕




