ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនតាមការកំណត់របស់តុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពីបទឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តម ស ថាវី បានទទួលប្រាក់ចំនួន ២០ម៉ឺនដុល្លារ អំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ តាមរយ:អំពើឆបោកដោយការទិញលក់ដីជាង១០ហិកតា ស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន បានពីការប្រមូលទិញពីប្រជាពលរដ្ឋ។
ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនបានបញ្ជាក់ថា ក្នុងករណីលោក ស ថាវី មិនចូលខ្លួនតាមកាលកំណត់ខាងលើនេះទេ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។
គួរបញ្ជាក់ថា លោក ស ថាវី គឺជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការ ហើយក៏ធ្លាប់ត្រូវបានតុលាការកោះហៅនាពេលកន្លងមក ពាក់ព័ន្ធនឹងករណីឃុបឃិតគ្នាជាមួយបក្ខពួកឆបោករឿងដីធ្លីនេះ៕

