ក្នុងឱកាសព្រះរាជពិធីច្រត់ព្រះនង្គ័ល គោឧសភរាជបានបរិភោគអាហារចំនួន ៣មុខច្រើនជាងគេមាន ស្រូវ ពោត សណ្តែក ដែលលទ្ធផលផ្សងប្រផ្នូលអាហារទាំងបីនេះនឹងទទួលបានទិន្នផលល្អប្រសើរជាងគេបង្អស់។ ក្នុងនោះ គោឧសភរាជបរិភោគស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨០ភាគរយ។

ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខដែលមាន ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ។
ជាមួយគ្នានេះ ប្រផ្នូលកាលពី ឆ្នាំ ២០២៤ ស្រូវ ពោត និង សណ្ដែក ក៏ជាដំណាំកសិកម្មដែល ទទួលបានទិន្នផលល្អប្រសើរផងដែរ ដោយគោឧសភរាជបានបរិភោគច្រើនជាងគេមាន ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។
សូមជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ គោឧសភរាជ និងជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរឱ្យត្រៀមខ្លួនក្នុងរដូវធ្វើស្រែចម្ការ៕


