នគរបាលជាតិកម្ពុជា គឺជាអង្គភាពសន្តិសុខសាធារណៈសំខាន់មួយ ដែលមានតួនាទីក្នុងការថែរក្សាសណ្ដាប់ធ្នាប់និងសន្តិសុខជាតិ។ នគរបាលជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ បង្កើតឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ក្រោយការទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣ នគរបាលជាតិបានបន្តអភិវឌ្ឍនៅសម័យព្រះបាទសីហនុ និងបានបម្រើជាផ្នែកសំខាន់នៃការអភិវឌ្ឍន៍សង្គម។ ប៉ុន្តែ ក្នុងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) នគរបាលជាតិនេះត្រូវបានរំលាយចោល ហើយជំនួសដោយកម្លាំងយុទ្ធពលផ្ទាល់។
ក្រោយឆ្នាំ ១៩៧៩ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្លាំងនគរបាលត្រូវបានបង្កើតឡើងវិញ ហើយអភិវឌ្ឍដល់សម័យ UNTAC ដែលមានការគ្រប់គ្រងអន្តរជាតិ។ នៅឆ្នាំ ១៩៩៣ ក្រោយពេលមានរដ្ឋធម្មនុញ្ញថ្មី នគរបាលជាតិត្រូវបានបង្កើតឡើងវិញជាផ្លូវការនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
នគរបាលជាតិកម្ពុជា បានវិវត្តឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញនៃរបត់សង្គម និងបានបន្សល់ទុកនូវកេរតំណែល វីរភាព ការលះបង់ និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
លើសពីនេះ នគរបានជាតិ បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ពិសេសគ្រឿងញៀន និងការពារសិទ្ធិពលរដ្ឋក្នុងសង្គមកម្ពុជាបែបប្រជាធិបតេយ្យ។
សូមជម្រាបថា ការប្រារព្ធខួបលើកទី៨០ នេះជាសារសំខាន់មួយក្នុងការលើកកម្ពស់ស្មារតីដល់មន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ក្នុងការបន្តបេសកកម្មថែរក្សាសន្តិសុខ សុខុមាលភាព និងសិទ្ធិពលរដ្ឋ៕



