សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដាក់ពាក្យប្តឹងសុំឱ្យ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម៨០ភាគរយ

លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៤ ខែមេសានេះ បានធ្វើលិខិតមួយច្បាប់ ដាក់ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងពិនិត្យ និងចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ដែលបានប្រើហ្វេសប៊ុកផេកឈ្មោះ MADAM DA (ម៉ាដាមដា) ផ្សាយផ្ទាល់ និងបង្ហោះវីដេអូ ប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គមចំនួន៨០ភាគរយ។

តាមខ្លឹមសារបណ្តឹង លោក ទេស វិបុល បានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ មានស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ បានផ្សាយផ្ទាល់ក្នុងផេកហ្វេស ប៊ុករបស់ខ្លួនឈ្មោះ MADAM DA (ម៉ាដាមដា) ដែលមានខ្លឹមសារថា «អ្នកដែលបំពុលសង្គមមិនមែនជាអ្នកលក់អនឡាញទេ អ្នកលក់អនឡាញអាចនឹងបំពុលសង្គម២០ភាគរយ ប៉ុន្តែ៨០ភាគរយទៀត គឺសារព័ត៌មាន ខ្ញុំហ៊ាននិយាយចឹងហ្មង ព្រោះមនុស្សខ្ញុំគឺជាមនុស្សគិតមុនគូណាស់ ហើយអ្វីដែលខ្ញុំមុននឹងខ្ញុំនិយាយខ្ញុំ លម្អិតៗណាស់ បានខ្ញុំហ៊ាននិយាយចេញមក ខ្ញុំគិតថា អ្នកលក់អនឡាញមួយចំនួនអាចបំពុលសង្គមមែនតែ២០ភាគរយទេ តែ៨០ភាគរយទៀតគឺអ្នកសារព័ត៌មានណឹងឯង ព្រោះខ្ញុំ Search ឃើញក្នុង TikTok មិញៗខ្លួនឯង ពុទ្ធោមើលអ្នកសារព័ត៌មានចុះពីខ្ញុំ ចុះពីអី» ហើយថ្ងៃបន្ទាប់គឺថ្ងៃទី២១ បុគ្គលនោះបន្តបង្ហោះវីដេអូដោយសរសេរខ្លឹមសាថា «ពួកលក់onlineបំពុលសង្គមតែខ្ញុំសុំនិយាយបន្តិចថាសារពត៌មានមួយចំនួនទៅវិញទេដែលបំពុលសង្គម»។

លោកប្រធានសមាគមបញ្ជាក់បន្ថែមថា ការប្រើពាក្យសំដីរបស់ស្ត្រីម្ចាស់ផេកអនឡាញនេះ គឺជាការប្រមាថមើលងាយដល់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ផ្ទុយពីរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកអ្នកសារព័ត៌មានជាដៃគូរអភិវឌ្ឍន៍ ជាកញ្ចក់ឆ្លុះតថភាពសង្គម ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤។

សូមបញ្ជាក់ថា នៅកម្ពុជាមានអ្នកសារព័ត៌មានប្រមាណជិត១០,០០០នាក់ ហើយបើ៨០ភាគរយបំពុលសង្គមដូចស្ត្រីនោះលើកឡើងមែន គឺជាចំនួនច្រើនលើសលប់មិនអាចទទួលយកបានឡើយ ដែលផ្ទុយពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលខិតខំបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានជាបន្តបន្ទាប់ជាមួយសមាគមអ្នកសារព័ត៌មាននានា ជាពិសេស ថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់វិស័យព័ត៌មានគឺ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និង យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕