ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

គោលបំណងដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងបង្កើតជម្រើសបន្ថែមសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ក្នុងការស្នើសុំលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពង្រឹងយន្តការកៀរគរចំណូលថវិកាជាតិបន្ថែម ។ ដោយឡែក ការដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈទី៤ នៅផ្សារទំនើបអូឡាំព្យា ដើម្បីបង្ខិតសេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការ បង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងដល់ប្រជាពលរដ្ឋ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យា នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពសម្រាប់ជំរុញកំណើនប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល តាមរយៈការប្រើប្រាស់សក្តានុពលបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ភាគីពាក់ព័ន្ធ ដែលបានសហការ រៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈនេះឡើង ។
ឯកឧត្តម ក៏អរគុណដល់ក្រុមហ៊ុនកាំត្រង់ស៊ីប ដែលតែងតែផ្តល់ការ គាំទ្រដល់ការលើកកម្ពស់សេវាសាធារណៈរបស់ក្រសួង និងផ្សារទំនើបអូឡាំព្យា ដែលបានផ្តល់សម្ភារ និងទីតាំងសម្រាប់រៀបចំមណ្ឌល និងស្នើដល់អង្គភាពជំនាញ គ្រឹះស្ថានធនាគារ និងក្រុមហ៊ុនឯកជនដែលជាដៃគូសហការរបស់ក្រសួង សូមបន្តកិច្ចសហការឱ្យកាន់តែសកម្មថែមទៀតក្នុងការផ្តល់សេវាសាធារណៈ ក៏ដូចជាការឆ្លើយតបការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ ពុទ្ធិកា