លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីការហៅទូរស័ព្ទរបស់លោកកាលពីថ្ងៃចន្ទជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចារភ្លាមៗសម្រាប់បទឈប់បាញ់ ប៉ុន្តែវិមានក្រឹមឡាំងប្រកាន់ជំហរថា ដំណើរការនេះនឹងត្រូវការពេលវេលា ហើយប្រធានាធិបតីអាមេរិកបានបង្ហាញថា លោកមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយអឺរ៉ុបជាមួយនឹងការដាក់ទណ្ឌកម្មថ្មីដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ។

លោក ត្រាំ ក៏បានឱ្យដឹងដែរថា លោកបានបញ្ជូនផែនការទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀរ ហ្សែលែនស្គី (Volodymyr Zelenskiy) ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ នៅក្នុងការហៅជាក្រុមបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយមេដឹកនាំរុស្ស៊ី។
លោកបន្ថែមថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀតគឺការបញ្ចប់សង្រ្គាម។
លោក ពូទីន បានអរគុណចំពោះលោក ត្រាំ សម្រាប់ការគាំទ្រការបន្តការចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បន្ទាប់ពីភាគីទាំងពីរបានជួបប្រជុំគ្នានៅប្រទេសទួរគីកាលពីសប្តាហ៍មុនសម្រាប់ការចរចាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ ២០២២។ ប៉ុន្តែបន្ទាប់ពីការហៅទូរស័ព្ទកាលពីថ្ងៃចន្ទលោកបាននិយាយថាការខិតខំប្រឹងប្រែងជាទូទៅគឺស្ថិតនៅលើផ្លូវត្រូវ។
លើសពីនោះ លោក ពូទីន បានយល់ព្រមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថារុស្ស៊ីនឹងស្នើ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនលើអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត៕
ដោយ៖ ចិន្តា ទីទិ

